នៅព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ នេះ តារាកំប្លែង ពាក់មី បានធ្វើឱ្យអ្នកគាំទ្រ និង អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានមានក្តីបារម្ភ និង បុកពោះភ័យយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបភាព មានកងទ័ពអាវសប៉ុន្មានរូបបានទៅដល់មុខផ្ទះរបស់លោក ។ ក្នុងនោះ អ្នកលេងបណ្តាញសង្គមមានការបារម្ភចង់ដឹងសុខទុក្ខថា តើគ្រួសាររបស់តារាកំប្លែងខាងលើមានការពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ឬយ៉ាងណា ?

ការពិតនោះ បើតាមសំណេរបញ្ជាក់របស់នាយ ពាក់មី បានឱ្យដឹងថា បុរសពាក់ឈុតកងទ័ពអាវស ពោលគឺអាវការពារសុវត្ថិភាពនោះ គឺជាក្រុមបាញ់សម្លាប់មេរោគ ហើយពួកគេមកផ្ទះរបស់លោកទាំងព្រលឹមបែបនេះ ដើម្បីមកបាញ់ថ្នាំការពារក្រែងមានវីរុសនៅក្នុងផ្ទះ ។

សំណេរនោះ នាយ ពាក់មី បញ្ជាក់ថា «មកដល់ផ្ទះខ្ញុំហើយ សូមបងប្អូន​ ប្រុងប្រយ័ត្ន ការពារកូវីដ-១៩ ឱ្យបានខ្ពស់​ និង សូមជូនពរបងប្អូន​ សូមមានសុខភាពល្អទាំងអស់គ្នា​ ។ ថ្ងៃនេះក្រុមសម្លាប់មេរោគ​ មកដល់ផ្ទះខ្ញុំ​ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ​ ការពារ​ក្រែងកូវីដវាពួនក្នុងហ្នឹង» ។

ក្រោយពីបានអានសំណេរបន្ថែមបែបនេះហើយ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ហាក់មានការធូរចិត្តបន្តិច ដោយមិនមានរឿងអ្វីកើតឡើងដល់តារាកំប្លែងខាងលើនេះ និង ក្រុមគ្រួសារ ៕