នៅ​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ទី ០៣ ខែសីហា​នេះ ​អាជ្ញាធរ និង​សមត្ថកិច្ច​ដាក់​ខ្សែ​ហ៊ុំ​ព័ទ្ធ​ជំុវិញ​ផ្សារ​ដើម​គ ទាំងមូលតែម្ដង ដើម្បីចុះ​បិទ​ខ្ទប់សារ​ជា​ថ្មី ក្នុងគោលបំណង​យក​សំណាក​លើ​អាជីវករ​ទាំងអស់ បន្ទាប់​ពី​មានករណីអ្នកវិជ្ជមាន​កូ​វី​ដ​១៩ បំប្លែង​ថ្មី​ដែល​តា បាន​ចូល​ផ្សារ​ដើម​គ​កន្លង​មក ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា កន្លង​អ្នក​វិជ្ជមាន​មេរោគ​បំប្លែង​ថ្មី​ដែល​តា​ដែល​រក​ឃើញ​នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ហើយ​ឈាន​ទៅ​បិទផ្លូវ​មួយ​ចំនួន​នោះ បាន​ចេញចូល​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ដើម​គ ទើប​អាជ្ញាធរ និង​សមត្ថកិច្ច​បិទ​ផ្សារ​នេះ ដើម្បី​យក​សំណាក​លើ​អាជីវករ ។

ទោះបីជា​យ៉ាងណាក៏ដោយ ក៏គេ​ពុំ​ទាន់​ដឹង​ថា អាជីវករ​ទាំងនោះ​បាន​ឆ្លង​មេរោគ​ប្រភេទ​ដែល​តា ឬ​យ៉ាងនោះ​ទេ ដោយនៅ​វេលា​រសៀល​នេះ​អាជ្ញាធរ និង​គណៈកម្មការ​ផ្សារ​កំពុង​តែ​រៀបចំ​ធ្វើ​រោង ដើម្បី​យក​សំណាក។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕