បុរសម្នាក់សង្ស័យតែប្រើប្រាស់គ្រឿងញៀនហួសកម្រិត (បែកថ្នាំ) ខណៈដែលជិះរថ ភ្លើងមកពីខេត្តព្រះសីហនុ មកដល់ភ្នំពេញ ស្រាប់តែយកកូនកាំបិតចុងស្រួចមកចាក់ចំដោះខ្លួនឯង ហូរឈាមកក្លាក រងរបួស ជាទនម្ងន់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ និងរាយការណ៍ជូនសមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ អ្នកបើកបររថភ្លើង បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ វេលាម៉ោង ២រសៀល ពួកគាត់បានឃើញបុរសម្នាក់ខាងលើ លោតឡើងជិះរថភ្លើង តាំងពីខេត្តព្រះសីហនុរហូតមកដល់ភ្នំពេញ។

បុរសខាងលើនេះ មានស្រាថ្នាំ ១ដបកន្លះលីត្រ និងកាំបិតចុងស្រួចមួយជាប់នឹងខ្លួនមកជាមួយផងដែរ។ លុះដល់វេលាកើតហេតុ ស្រាប់តែបុរសរូបនេះ បានយកកំបិតចុងស្រួចចាក់ខ្លួនឯង បណ្ដាលឲ្យរងរបួសដោះ ខាងឆ្វេងជាច្រើនកាំបិតហូរឈាមជោកខ្លួន បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នារាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញ។

ប្រភពបន្តថា មួយសន្ទុះក្រោយមក មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ត្រពាំងក្រសាំង រួមទាំង លោកចៅសង្កាត់ត្រពាំងក្រសាំងបានចុះមកជួយអន្តរាគមន៍ផងដែរ ដើម្បីធ្វើការជួយសង្គ្រោះនិងយកកាំបិតចុងស្រួចចេញពីដៃបុរសម្នាក់ខាងលើនេះ ផងដែរ ចំណែកបុរសខាងលើនេះនៅតែបន្ត អង្គុយលើទូកុងតឺន័រលើរទេះភ្លើងដដែល ធ្វើមិនដឹង ។ តែយ៉ាងណា ចុងក្រោយ ទើបសមត្ថកិច្ចរកវិធីជួយសង្គ្រោះបុរសរូបនោះ បាន និងនាំទៅមន្ទីរពេទ្យព្យាបាល របួស៕