កាលពីពេលថ្មីៗនេះមានពលរដ្ឋម្នាក់បានប្រទះជួបករណីត្រូវក្រុមមនុស្សជនពាលមួយក្រុម បានប្រព្រឹត្តិអំពើដ៏ឃោរឃៅមួយ ដោយចងខ្សែភ្លើងកាត់ទទឹងផ្លូវលេខ៩០៧ ក្នុងបំណងធ្វើឲ្យអ្នកដំណើរដោយម៉ូតូទាក់.ក ដួលស្លាប់ ដើម្បីប្លន់យកម៉ូតូ។

ហេតុការណ៌ដ៏កាចសាហាវនេះបានកើតឡើងកាលពីពេលវេលាម៉ោង១រំលងអធ្រាត ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅជិតវត្តទួលសន្តិវ័ន្ត ហៅវត្តទួល ក្នុងភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់ជនរងគ្រោះដែលជួបហេតុការណ៌នេះផ្ទាល់បានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖«ជិតវត្តទួលអស់លោក យប់ថ្ងៃទី១០ ខែតុលា ២០២១ ក្រុមជនពាល បានចងខ្សែភ្លើងកាត់ទទឹងផ្លូវលេខ៩០៧ ដើម្បីសម្លាប់យកម៉ូតូ សូមលោកប៉ូលីសមេត្តាជួយមើលផង។ ភូមិឃុំមានសុវត្ថិភាព»។

ក្រោយពីមានការបង្ហោះបែបនេះហើយយើងសង្កេតឃើញមានមហាជនជាច្រើនបានសម្ដែងការព្រួយបារម្ភខ្លាំងចំពោះករណីដ៏សាហាវឃោរឃៅបែបនេះ ហើយមិនត្រឹមតែប៉ុណ្ណោះមហាជនក៏បានសំណូមពរឲ្យសមត្ថកិច្ចមេត្តាចុះជួយអន្តរាគមន៌នៅក្នុងករណីនេះផង ក៏ដូចជាស្រាវជ្រាវចាប់ជនល្មើសយកមកដាក់ទោសឲ្យបានផងដែរ ៕