នៅរាត្រីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ លោកគ្រូ សៀវ សុផល ដែលមហាជនភាគច្រើនបានស្គាល់ថា ជាលោកគ្រូ ជោគជ័យ និង ជាអ្នកនៅពីក្រោយគំនិតរៃអង្គាសម្នាក់ ១ ដុល្លារ ដើម្បីជួយដោះស្រាយបំណុលរបស់តារាកំប្លែងអ្នកនាង ខ្ញុង បានធ្វើការ Live បកស្រាយទាំងមិនអស់ចិត្ត ក្រោយត្រូវគេស្អប់ និង រិះគន់មួយប្រទេសព្រោះបញ្ហានេះ។

យោងតាមការបកស្រាយរបស់លោកគ្រូ សៀវ សុផល ដែលមានខ្លឹមសារសង្ខេបបែបនេះថា ៖ «បញ្ហា ខ្ញុង គឺលោកជួយឱ្យគំនិត ដោយសារក្តីអាណិត ព្រោះនាងរកចង់សម្លាប់ខ្លួន ដោះស្រាយបំណុលដែលវ័ណ្ឌ-ក ជុំទិសមិនចេញ។ ដោយលោកឃើញនាង ខ្ញុង មានអ្នកតាមដានជាង ៩០ ម៉ឺននាក់ ដែលប្រៀបដូចជាគ្រូឱសថមានដើមរុក្ខជាតិរាប់ម៉ឺនប្រភេទ តែមិនចេះធ្វើថ្នាំ ទើបលោកបំផុសគំនិតនេះឡើង»។

«ហើយវាមិនមែនជាលើកទី ១ នោះឡើយដែលលោកជួយដោះស្រាយបញ្ហាគេ លោកឃើញថាគំនិតរបស់លោកជោគជ័យខ្លាំង ដោយមានអ្នកជួយនាង ខ្ញុង បានលុយរាប់ម៉ឺនដុល្លារ ក្នុងរយៈពេលប៉ុន្មានថ្ងៃ ហើយលោកក៏ឃើញមានអ្នកបង្វែរជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ»។

«ផ្ទុយទៅវិញ រឿងមួយនេះបែរជាត្រូវធ្វើឱ្យលោកត្រូវចត់បាយ ហើយទទួលបានការស្អប់ និង ត្រូវគេជេរស្ទើរមួយប្រទេសទាំងដែលខ្លួនមិនបានធ្វើអ្វីខុស។ តែសម្រាប់លោកគឺមិនអីទេ គឺលោកសប្បាយចិត្ត ព្រោះឃើញមានមហាជន និង បុគ្គលល្បីៗ ខ្មែរចេះជួយគ្នា និង ជួយដល់មន្ទីរពេទ្យខ្វះខាត។ ប្រសិនបើការជួយនេះ ធ្វើឱ្យមហាជនមានប្រតិកម្ម និង ធ្វើឱ្យ ខ្ញុង គិតថាប៉ះពាល់កិត្តិយស លោកសុំទោសជាសាធារណៈ ចំពោះការបំផុសគំនិត ១ ដុល្លារនេះ»៕

សូមទស្សនាវីដេអូខាងក្រោម៖