មកទល់ពេលនេះរឿងរ៉ាវរបស់តារាកំប្លែង ខ្ញុង ពាក់ព័ន្ធនឹងការជំពាក់បំណុលគេដល់ទៅខ្ទង់ជិត ៦០ ម៉ឺនដុល្លារ នៅតែជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ក្រោយពីតារាកំប្លែង ខ្ញុង បានរត់ទៅដាក់ពាក្យបណ្តឹងខ្លួនឯងនៅតុលាការដំបូង ដោយប្រកាសថាខ្លួនក្ស័យធន និង សុំលើកលែងការប្រាក់ពីម្ចាស់បំណុល។

ក្នុងនោះដែរ តារាកំប្លែង ខ្ញុង ក៏បានស្រែកអំពាវនាវសុំថវិកាម្នាក់ ១ ដុល្លារ ពីមហាជន និង អ្នកគាំទ្ររូបនាងកន្លងមកដើម្បីជាទុនក្នុងការផ្គត់ផ្គង់ការរស់នៅ រៀនសូត្ររបស់កូនៗទាំង ២ ប្រសិនជានាងត្រូវបានជាប់ពន្ធនាគារ។ ក្រោយពីឃើញការស្រែកអង្វររកជំនួយដើម្បីកូនៗ មហាជនជាច្រើនក៏មិនបង្អង់ បានចូលរួមបរិច្ចាគដល់នាង ដោយខ្លះច្រើនជាង ១ ដុល្លារ ដល់ខ្ទង់ពាន់ក៏មាន រហូតអ្នកនាងទទួលបានប្រាក់ជំនួយដល់ទៅខ្ទង់ជាង ៥ ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី ២០ ខែតុលា កន្លងទៅនេះ។

ការស្រែករកជំនួយ និង ការបរិច្ចាគដល់តារាកំប្លែង ខ្ញុង នេះដែរ បានធ្វើឱ្យមហាជនមួយចំនួនមានប្រតិកម្ម និង ហាក់មិនពេញចិត្ត ដោយបានលើកឡើងនូវយោបល់ផ្សេងៗគ្នាជាច្រើន ដែលធ្វើឱ្យបណ្តាញសង្គមហ្វេសប៊ុកពេលនេះ មានទាំងអ្នកជួយដល់តារាកំប្លែង ខ្ញុង ហើយខ្លះទៀតនៅបន្តរិះគន់លើទង្វើរបស់នាង។

ក្រោយពីមានរឿងរ៉ាវរិះគន់បន្តបន្ទាប់ កាលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ អ្នកនាង ខ្ញុង ក៏បានធ្វើការឡាយវីដេអូនិយាយមុខសាធារណជនជាថ្មី បកស្រាយថានាងមិនបានសម្តែង និង យកលុយដែលមហាជនជួយ ទៅធ្វើជាអ្នកមាននោះទេ គឺនាងពិតជាបានជំពាក់បំណុលគេពិតមែន។ ជាមួយគ្នានោះដែរ ខ្ញុង ក៏បានបានប្រកាសយកលុយចំនួយ ៥០ % ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ចាស់ជរា និង ក្មេងកំព្រា និង ចំនួនលុយ ៥០ % ទៀត យកធ្វើទុនរកស៊ីបន្តទៀតដើម្បីដោះបំណុលគេ ដើម្បីលាងជម្រះការរិះគន់ខ្លះ។

យ៉ាងណាមិញ នៅយប់ថ្ងៃដដែល ពោលគឺយប់ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២១ ស្រាប់តែអ្នកនាង ខ្ញុង បានបង្ហោះសារលើបណ្ដាញសង្គមជាថ្មីទៀត ដោយនាងនឹងបាញ់លុយឱ្យមហាជន និង ហើយនាងប្រើវិធីដោះស្រាយបំណុលដោយប្រកាសលក់ផ្ទះបានបង់រំលស់កន្លងមក និង លក់ឡានរបស់ប្ដីនាង ដើម្បីធ្វើដើមទុនរកស៊ីបន្តទៀត ព្រមទាំងធ្វើការស្នើសុំដល់ម្ចាស់បំណុលទាំងអស់ទុកពេលឱ្យអ្នកនាងរកលុយដើម្បីសងផងដែរ។

ជុំវិញការប្រកាសទាំងយប់ ក្នុងការប្រគល់ប្រាក់ឱ្យម្ចាស់ជំនួយវិញ ពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ My Tv កញ្ញា ជីជី ក៏នៅមិនស្ងៀមក៏បានបង្ហោះសារសួរមហាជនថា «ពេញចិត្តនៅ?» ដោយសារពេញនោះ អ្នកនាង ហាក់នឹកអាណិតដល់អ្នកនាង ខ្ញុង ក្នុងកាលៈទេសៈនេះ។

កញ្ញា ជីជី បានសរសេរសារថា ៖ «ពេញចិត្តនៅ? ជួយហើយបើគេធ្វើបាប គឺជារឿងរបស់គេ បាបគេអ្នកទទួល តែបើយើងជ្រុលជួយហើយ ទោះម៉េចក៏ដោយ បុណ្យជារបស់យើងទេ! ឃើញជនខ្លះខំប្រឹងកាត់តវីដេអូចាស់ៗ ខំម៉េស អ្នកអើយ។ ធ្វើតែល្អទៅ ស្អែកដើរៗ ឡានបុកងាប់ពេលណាក៏មិនដឹងដែរ»៕