មកទល់ពេលនេះរឿងរ៉ាវរបស់តារាកំប្លែង ខ្ញុង ពាក់ព័ន្ធនឹងការជំពាក់បំណុលគេដល់ទៅខ្ទង់ជិត ៦០ ម៉ឺនដុល្លារ នៅតែជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ ក្រោយពីតារាកំប្លែង ខ្ញុង បានរត់ទៅដាក់ពាក្យបណ្តឹងខ្លួនឯងនៅតុលាការដំបូង ដោយប្រកាសថាខ្លួនក្ស័យធន និង សុំលើកលែងការប្រាក់ពីម្ចាស់បំណុល។

ជុំវិញរឿងរ៉ាវនេះដែរ បើក្រឡេកទៅមើលអ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះលោក គួច ខេវិន ឯនោះវិញ លោកក៏បានចេញមុខមកបង្ហាញអារម្មណ៍ និង យោបល់របស់ខ្លួនម្តងជា ២ ដងហើយដែរ ដោយមានទាំងការលើកទឹកចិត្ត នឹកអាណិតដល់តារាកំប្លែង ខ្ញុង ដែលផុងខ្លួនខ្លាំងដល់ថ្នាក់នេះ ស្ទើរតែមិនគួរឱ្យជឿ។

យ៉ាងណាមិញ បន្ថែមពីអ្វីដែលធ្លាប់បង្ហោះកន្លងមកនោះ ស្រាប់តែនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ លោក គួច ខេវិន បានបង្ហោះសារជាថ្មីមួយទៀតពីការគិតរបស់លោក ដោយលើកនេះមិនដូចសារមុនៗឡើយ ពោលគឺលោក គួច ខេវិន ហាក់មិនពេញចិត្តសោះលើទង្វើរបស់តារាកំប្លែង ខ្ញុង ដែលបានលើកយកកូនៗមកចូលពាក់ព័ន្ធក្នុងរឿងជំពាក់បំណុលខ្លួន ដោយតារាកំប្លែង ខ្ញុង បានស្រែកអំពាវនាវសុំថវិកាម្នាក់ ១ ដុល្លារ ពីមហាជនដើម្បីជាទុនក្នុងការផ្គត់ផ្គង់ការរស់នៅ រៀនសូត្ររបស់កូនៗទាំង ២ ប្រសិនជានាងត្រូវបានជាប់ពន្ធនាគារ។

សារបង្ហាញអារម្មណ៍មិនពេញចិត្ត ភ្ជាប់នឹងអត្ថន័យបន្ថែមគួរឱ្យចាប់អារម្មណ៍ លោក គួច ខេវិន បានរៀបរាប់ថា៖ «ជាដំបូង ខ្ញុំប្រហែលជាមិនភ្លេចអរគុណដល់លោកគ្រូជោគជ័យ សៀវ សុផល ដែលបានជួយរៀបចំ(?) មិនដឹងជាត្រូវហៅថា «យុទ្ធសាស្ត្រ» ឬហៅថា «កលឧបាយ» ឱ្យប្អូនស្រី ខ្ញុង ដោះស្រាយបំណុលរួចជាង ៥០ ម៉ឺនដុល្លារ តែមួយដង្ហើបចង្រិត។ ក៏សូមអរគុណលោកម្តងទៀត ដែលនៅបានឆ្លៀតចេញមុខមកបកស្រាយអំពីកលឧបាយ? ដោះបំណុលរបស់ប្អូនស្រី ខ្ញុង ដើម្បីឱ្យមហាជន សប្បុរសជន ព្រមទាំងបណ្តាអ្នកសិល្បៈជាច្រើនផ្សេងទៀត បានយល់បានដឹង បានឮ បានឃើញកាន់តែច្បាស់ បើពុំនោះសោតមិនដឹងថា មានអ្នកលក់អំបិល ខ្ទឹម ស្ករប៊ីចេងប៉ុន្មាននាក់ទៀត ត្រូវរងត្រូវលង់ក្នុងភាពច្រឡំវិលក្បុងក្នុងព្រឹត្តិការណ៍នេះ។

ជាថ្មីម្តងទៀត ក៏គួរឱ្យសរសើរហើយ សរសើរទៀតចំពោះប្អូនស្រី ខ្ញុង ដែលជាប់បំណុលគេម្នាក់ហើយ ម្នាក់ទៀតរហូតដល់ជាង ៣០ ម្ចាស់បំណុល ជាមួយទឹកប្រាក់រាប់សិបម៉ឺនដុល្លារ រួចនៅតែគេបន្តឱ្យខ្ចី និង ជួយទៀត? គ្រប់ពាក្យ គ្រប់ម៉ាត់ប្អូនស្រី តែងថ្លែងសារទុក្ខអាណិតកូនៗ តែខ្ញុំគិតថាមិនគួរគប្បីណានឹងយកឈ្មោះពួកកូនៗមកជាប់ជាធ្នាក់ ឬ ជានុយ ដើម្បីក្តីអាណិតសម្រាប់ស្រាយបំណុលនោះឡើយ ពីព្រោះថាព្រហ្មវិហារធ៌មរបស់ម្តាយចំពោះកូន មិនមែនយកកូនមកដាក់ពីមុខអង្វរសុំការអាណិតដើម្បីខ្លួនឯងនោះឡើយ។ ខ្ញុំនិយាយនេះ គឺគ្រាន់តែចង់ប្រាប់ទៅអ្នកដែលចង់ស្តាប់ថា មានអ្នកសិល្បៈជាច្រើនដែលត្រូវការនូវក្តីអាណិត ចិត្តសណ្តោស ពីមហាជនពីជនរួមជាតិរួមចិត្តរួមថ្លើម ប៉ុន្តែពួកគេមិនបានបង្កើតព្រឹត្កិការណ៍ «យុទ្ធសាស្ត្រ ឬ កលឧបាយ» ឱ្យពុលដល់អ្នកដទៃនោះទេ!!! អរគុណ»។

សារខាងលើនេះដែរ លោក គួច ខេវិន ក៏ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនគាំទ្រនូវការលើកឡើងរបស់លោក ព្រមទាំងបានចូលរួមចែករំលែកសារនោះបន្តៗគ្នាទៀតផង៕