នាវេលាម៉ោងប្រមាណជិត ៨ យប់ នាថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានករណី ឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង ឈ្មោះ អេលីត ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បណ្ដាលឱ្យមានមនុស្សស្លាប់ចំនួន ​៣ ​នាក់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារឆ្លងចរន្ដអគ្គិសនី។

ទាក់ទិនទៅនឹងករណីនេះ អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បានឱ្យដឹងថា ក្លិបអេលីតខាងលើ មិនទាន់បានបើកដំណើរការនៅឡើយទេ ប៉ុន្តែរយៈពេល ៣ ថ្ងៃមក​នេះ បុគ្គលិកបានចាប់ផ្ដើមធ្វើការសាកល្បង និងហាត់សម ដើម្បីស្នើសុំទៅអាជ្ញាធរបើកឡើងវិញ តែជាអកុសល ក៏កើតហេតុអគ្គិភ័យតែម្តង ដែលករណីអគ្គិភ័យនេះ ដំបូងឡើយបុគ្គលិកបានធ្វើការសាកឧបករណ៍ ក៏មានការឆ្លងចរន្តអគ្គិសនី ហើយបានយកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ដែរ តែមិនអាចជួយបាន ទើបសុំការអន្តរាគមន៍ពីសមត្ថកិច្ច។

ក្នុងនោះ បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង ៤ នាក់ ក្នុងហេតុការណ៍ខាងលើរួមមាន ៖

១. ឈ្មោះ អ៊ឹង ស៊ីម ភេទប្រុស អាយុប្រហែល ៤២ ឆ្នាំ រស់នៅភូមិ​បន្ទាយឈើ សង្កាត់ទឹកវិល មុខរបរសន្តិសុខក្លឹបអេលីត បានស្លាប់ពេលដឹកទៅដល់មន្ទីរពេទ្យខេត្ត

២. ឈ្មោះ ប្រាក់ សុភ័ណ្ឌ ភេទប្រុស អាយុ​ ៤១ ឆ្នាំ រស់នៅបន្ទប់ជួលភូមិតាភុល មុខរបរ DJ ក្លឹបអេលីត រងរបួសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត

៣. ឈ្មោះ ឈឿន សំណាង ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មុខរបរអ្នកចំរៀង បានស្លាប់

៤. ឈ្មោះ ធី មេសា ហៅ ចិត្ត ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់ភូមិកន្រ្តក់ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មុខរបរសន្តិសុខ បានស្លាប់។

ចំពោះរឿងរ៉ាវនេះ សមត្ថកិច្ចបានឱ្យដឹងទៀតថា អគ្គិភ័យនៅក្លឹបកម្សាន្តខាងលើ មិនបណ្ដាលឱ្យឆេះរាលដាលដល់គេហដ្ឋាន ឬអគារផ្សេងៗក្បែរនោះទេ ដោយ​សារតែមានការអន្ដរាគមន៍ឡានទឹកទាន់ពេល ហើយពីមុនទីតាំងខាងលើមានឈ្មោះ ELIT Club Party ប៉ុន្ដែបានដូរឈ្មោះជា ភោជនីយដ្ឋាន អេលីតវិញ ក្នុងអំឡុងពេលជំងឺកូវីដ-១៩៕