នាវេលាម៉ោងជាង ៩ យប់ ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅ មានករណីស្ត្រីម្នាក់ ប៉ុនប៉ងលោតទឹកបញ្ចប់ជីវិតខ្លួនឯង នៅទីតាំងស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ។

ទាក់ទិនទៅនឹងករណីខាងលើ តាមប្រភពព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា ស្ត្រីខាងលើមានឈ្មោះ លី មានអាយុ ២៥ ឆ្នាំ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប៉ុនប៉ងលោតទឹកបញ្ចប់ជីវិត ដោយសារតែគូស្នេហ៍ដែលខ្លួនបានស្រឡាញ់ និង រួមរស់ជាមួយគ្នា អស់រយៈពេលជាង​ ១ ឆ្នាំ មានទំនាក់ទំនងជាមួយអ្នកថ្មី និង សុំខ្លួនបែកក្រោមហេតុផលផ្សេងៗ រហូតដល់រូបគេតាមទាន់គូរស្នេហ៍មានអ្នកថ្មី ទើបខាងប្រុសបានផ្ញើសារសុំបែកតែម្ដង។

បុរសដែលជាគូស្នេហ៍ និង បានរួមរស់ជាមួយស្ត្រីខាងលើ ដោយមានឪពុកម្ដាយសងខាងដឹងឮ មានឈ្មោះ កុល ដារ៉ូ មានអាយុ ២៦ ឆ្នាំ បានផ្ញើសារសុំបែកស្ត្រីខាងលើតាមរយៈសារ និង បានពោលពាក្យថា «គេល្អជាងអូនឆ្ងាយណាស់» ព្រមទាំងបានពោលថា «គេអាចផ្ដល់អ្វីគ្រប់យ៉ាងឱ្យបង មិនដូចអូនទេ នាំតែរឿងឱ្យបងរហូត»។

ដោយក្ដីឈឺចាប់ ស្ត្រីខាងលើ បានធ្វើដំណើរមកទីតាំងកើតហេតុ ឈរសម្រក់នេត្រានៅជិតស្ពាន បម្រុងនឹងលោតបញ្ចប់ជីវិត តែត្រូវប្រជាពលរដ្ឋឃើញ នឹងធ្វើការឃាត់ទាន់ពេលវេលា ទើបលើកទឹកចិត្ត និងជូនស្ត្រីខាងលើទៅកាន់ទីលំនៅវិញ៕