អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានពីករណី បង្ក្រាបបានក្រុមចោររទេះ ០៣ នាក់ ដែលតែងតែធ្វើសកម្មភាពលួចនៅពេលយប់ ខណៈពួកគេកំពុងលួចដែកខ្លោងទ្វាររបងផ្ទះ វេលាម៉ោង ០៣ និង ៣០ នាទី ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ នៅភូមិព្រែកហូរកើត ១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ទាក់ទិនទៅនឹងករណីនេះ សមត្ថកិច្ចបានបញ្ជាក់ឱ្យបានដឹងថា ជនសង្ស័យទាំង ៣ នាក់ មានអត្តសញ្ញាណដូចខាងក្រោម ៖

១. ឈ្មោះ ស្រៀង ដួង ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ។

២. ឈ្មោះ ហែម វណ្ណៈ ហៅធី ភេទប្រុស អាយុ ៣៤ ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខរបរមិនពិតប្រាកដ។

៣. ឈ្មោះ សុខ ប្រុស ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ។

អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ជនសង្ស័យម្នាក់ ក្នុងចំណោមអ្នកទាំង ៣ ខាងលើ មានឈ្មោះ ហែម វណ្ណៈ ហៅធី គឺត្រូវប៉ូលិសចាប់បានករណីលួច ចំថ្ងៃខួបកំណើតរបស់ខ្លួន ដែលបង្ករជាការចាប់អារម្មណ៍ដល់មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចូលខំមិន «Happy Birthday» ព្រោងព្រាត ទៅលើរូបភាពជនសង្ស័យ នៅក្នុងផេកផ្លូវការ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

យ៉ាងណាមិញ ចំពោះករណីលួចខាងលើ សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា កន្លងមកប្រជាពលរដ្ឋ នៅក្នុងសង្កាត់ព្រែកហូរ ធ្លាប់បាត់សម្ភារប្រើប្រាស់ផ្សេងៗជាច្រើន ដូចជា តុ កៅអី ឆត្រ ស្នួលខោអាវ ជាដើម ដោយសារក្រុមជនសង្ស័យ ដែលមានរ៉ឺម៉កដឹកលួចនៅពេលយប់៕