ថ្មីៗនេះ ឃើញថាមានបុរសម្នាក់បាននិយាយអួតថាខ្លួនសល់លុយរាប់លាន ហើយចែកលុយក្នុងម្នាក់១០០ ទៅ២០០ដុល្លារនោះ លោក ពាក់ មី បានចេញមុខបកស្រាយការពិត និងនិយាយចំៗចំពោះបុរសម្នាក់នោះថាជាមនុស្សបោកប្រាក់សុទ្ធសាទ។

ដោយឡែក ក្នុងវីដេអូការផ្សាយផ្ទាល់ តារាកំប្លែងរូបនេះ បាននិយាយប្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជា កុំ​ឱ្យ​ចាញ់បោក បុរសខាងលើនោះទៀត ដែលរឿងចែកលុយបែបនេះគឺមិនអាចកើតឡើងរួចឡើយ ដោយសារតែលុយមិនអាចរកមកបានស្រួល ដោយមិនមានការខិតខំប្រឹងប្រែងនោះឡើយ។

យ៉ាងណាមិញ លោក ពាក់ មី បានបន្ថែមទៀតថា ឃើញប្រជាពលរដ្ឋខ្មែរចូលទស្សនាប្រមាណជា៤០០០នាក់ ហើយទម្លាក់លេខស្ទើរតែគ្រប់គ្នា សួរថាតើចំនួនមនុស្សច្រើនបែបនេះ តើត្រូវចំណាយមនុស្សប៉ុន្មាននាក់ដើម្បីវេលុយចែកទៅអស់ទៅ ហើយគ្មានហេតុផលអ្វីដែលត្រូវបុរសនោះត្រូវចំណាយពេលចែកលុយ​ឱ្យ​គេស្រួលបែបនេះនោះដែរ៕