នៅរាត្រីនៃការប្រកួត Miss Grand International ក្នុងវគ្គប្រកួតបឋមថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ នេះ បន្ទាប់ពី Miss Grand Cambodia ប៉ូគឹមថេង សុតធីតា បានធ្វើការដើរបង្ហាញសមត្ថភាពលើឆាកដ៏អស្ចារ្យនេះ និង កម្មវិធីបានចប់ដោយរលូនក្នុងវគ្គនេះហើយ នាងក៏បានធ្វើការឡាយវីដេអូនិយាយរៀបរាប់ប្រាប់ដល់មហាជនអ្នកគាំទ្រពីរឿងដែលធ្វើឱ្យនាងរំភើបចិត្តនឹកស្មានមិនដល់បន្ទាប់ពីចុះពីលើឆាក។

ក្នុងនោះ ប៉ូគឹមថេង សុតធីតា រៀបរាប់ឱ្យដឹងថា ក្រោយនាងចុះពីលើឆាកប្រកួតនេះភ្លាម ក៏បានឃើញអ្នកគាំទ្រខ្មែរ ដែលរស់នៅប្រទេសថៃបានទៅធ្វើការទស្សនា និង គាំទ្រនាងផ្ទាល់នៅឆាកប្រកួតនេះតែម្ដង ព្រមទាំងមានបាច់ផ្កាជូនដល់នាងទៀតផង ដែលធ្វើឱ្យនាងរំភើបរំជួលចិត្តខ្លាំងឡើងចង់យំ ដោយមិននឹកស្មានដល់ថាមានអ្នកគាំទ្រខ្មែរទៅគាំទ្រនាងដល់ឆាកប្រកួតបែបនេះ។

លើសពីនេះ ខណៈពេលដែលបវរកញ្ញារូបនេះឡាយវីដេអូ គេក៏បានឃើញអ្នកគាំទ្រខ្មែរដែលទៅគាំទ្រ និង ជួបនាងផ្ទាល់ថែមទៀត ដែលពួកគេបាននៅរង់ចាំនាងខាងក្រៅឆាករហូតជួបនាង ដើម្បីបានថតរូបជាមួយគ្នាទៀតផង៕